
ខ្វះលទ្ធភាព តែមិនខ្វះការអធិស្ឋាន
ដោយArthur Jackson
September 10, 2025
២របាក្សត្រ ២០:២-៤,៦-១២,១៥
យើងខ្ញុំក៏មិនដឹងធ្វើដូចម្ដេចដែរ ប៉ុន្តែភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ។ ២របាក្សត្រ ២០:១២
អ្នកស្រីអានីតា បេលី(ANITA BAILEY) ទទួលបានការកម្សាន្តចិត្ត នៅពេលដែលគាត់បានទទួលសារពីបណ្ដាញសង្គម ដែលនិយាយអំពីកូនប្រុសគាត់ឈ្មោះ ចាលែន(JALEN) យ៉ាងដូចនេះថា “ខ្ញុំជាអ្នកទទួលភ្ញៀវនៅព្រះវិហារ នៅថ្ងៃអាទិត្យនេះ ហើយខ្ញុំឃើញយុវជនម្នាក់កំពុងពរកូនតូច ដើរមករកខ្ញុំ ហើយក៏បានឱបខ្ញុំ ... ខ្ញុំក៏បានមើលមុខគាត់មួយភ្លែត ហើយក៏បានដឹងថា គាត់ជានរណា។ ខ្ញុំក៏បានលាន់មាត់ថា ចាលែន! យើងក៏បានឱបគ្នា ហើយជជែកគ្នាលេងមួយសន្ទុះ”។ ជីវិតគាត់បានផ្លាស់ប្រែល្អណាស់!” អ្នកទទួលភ្ញៀវរូបនោះបានដឹង អំពីពេលដែលចាលែន មានការបះបោរយ៉ាងខ្លាំង បានជាអ្នកស្រីអានីតា(ANITA) និងលោកអែឌ(ED) ជាស្វាមី មានអារម្មណ៍ថា គ្មានសមត្ថភាពសង្គ្រោះកូនប្រុសរបស់ខ្លួន ឲ្យរួចផុតពីការសម្រេចចិត្តដ៏ភ្លើតភ្លើន ដែលបានបណ្តាលឲ្យគាត់ចូលគុកអស់១២ឆ្នាំ។
ទោះក្រុមគ្រួសាររបស់អ្នកស្រីអានីតា មានអារម្មណ៍ថា ពួកគេគ្មានសមត្ថភាពកែប្រែកូនប្រុសរបស់ខ្លួន តែពួកគេមិនរស់នៅដោយគ្មានការអធិស្ឋានទេ។ ហើយស្តេចយ៉ូសាផាត ក្នុងបទគម្ពីរ ២របាក្សត្រ ជំពូក២០ ក៏មិនរស់នៅដោយគ្មានការអធិស្ឋានដែរ។ នៅពេលដែលទ្រង់បានទទួលការគំរាមកំហែងពីកងទ័ពរបស់ខ្មាំងសត្រូវដែលបានពួតដៃគ្នា ទ្រង់ក៏បានកោះហៅឲ្យមានការប្រជុំមួយ(ខ.១-៤)។ ទ្រង់ក៏បានអធិស្ឋានថា “ឱ ព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់កាត់ទោសដល់គេ ពីព្រោះយើងខ្ញុំរាល់គ្នាគ្មានកំឡាំង នឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្ដេចដែរ ប៉ុន្តែភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ”(ខ.១២)។
តើអ្នកធ្លាប់មានអារម្មណ៍ថា អសមត្ថភាព ឬទាល់គំនិត នៅចំពោះមុខកាលៈទេសៈ ដែលអ្នកមិនអាចគ្រប់គ្រងបានឬទេ? ចូរអធិស្ឋានដល់ព្រះអម្ចាស់ ទោះអធិស្ឋានជាក្រុម ឬចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអង្គក្តី។ គឺដូចដែលព្រះយេស៊ូវបានធ្វើទុកជាគំរូ នៅពេលដែលទ្រង់ជិតដល់ពេលសុគតនៅលើឈើឆ្កាង(លូកា ២២:៣៩-៤៤)។ ការចំណាយពេលអធិស្ឋាន ពិតជាមានសារៈសំខាន់ណាស់ គឺជាពេលដែលមនុស្សគ្មានកម្លាំង ទូលអង្វរដល់ព្រះដ៏មានចេស្តា ក្នុងព្រះនាមព្រះយេស៊ូវ។—ARTHUR JACKSON
តើមានអ្វីរារាំងអ្នក មិនឲ្យទូលថ្វាយទុក្ខលំបាករបស់អ្នកដល់ព្រះ ដោយការអធិស្ឋាន?
តើអ្នកអាចធ្វើជាដៃគូអធិស្ឋានជាមួយអ្នកដទៃដោយរបៀបណា ដើម្បីអធិស្ឋានឲ្យគ្នាទៅវិញទៅមក?
ឱព្រះដ៏មានចេស្តា ដែលមានអំណាចប្រោសទូលបង្គំឲ្យរស់ឡើងវិញ សូមព្រះអង្គជួយទូលបង្គំ
ក្នុងភាពទន់ខ្សោយរបស់ទូលបង្គំ ខណៈពេលដែលទូលបង្គំមើលទៅព្រះយេស៊ូវ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ៨-៩ និង ២កូរិនថូស ៣