
មហាបេសកកម្ម
ដោយMatt Lucas
November 9, 2025
ម៉ាថាយ ២៨:១៦-២០
ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ។ ម៉ាថាយ ២៨:១៩
លោកឌីអូនេតឺស(Diognetus) ជាអ្នកជឿសាសនារបស់សាសន៍ដទៃ នៅសតវត្សរ៍ទី២ បានកត់សំគាល់ឃើញថា ចំនួនរបស់អ្នកដើរតាមព្រះគ្រីស្ទ “មានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ”។ រឿងនេះបានកើតឡើង ទោះពួកគេបានទទួលរងការបៀតបៀនរបស់ជនជាតិរ៉ូម៉ាំងយ៉ាងណាក៏ដោយ។ គាត់ក៏បានសួរអ្នកជឿព្រះយេស៊ូវម្នាក់ អំពីមូលហេតុដែលរឿងនេះបានកើតឡើង។ តាមឯកសារបុរាណមួយ ដែលគេបានដាក់ចំណងជើងថា សំបុត្រផ្ញើទៅកាន់លោកឌីអូនេតឺស បានឲ្យដឹងថា អ្នកដឹកនាំពួកជំនុំនៅសម័យដើមបានឆ្លើយតបចំពោះគាត់ថា “តើអ្នកមិនបានដឹងទេឬថា កាលណាពួកគេបានទទួលរងការបៀតបៀនកាន់តែខ្លាំង នោះចំនួនរបស់ពួកគេក៏មានការកើនឡើងផងដែរ? ការអស្ចារ្យនេះហាក់ដូចជាមិនបានកើតឡើង ដោយសារកិច្ចការរបស់មនុស្សទេ តែកើតឡើងដោយសារតែព្រះចេស្តារបស់ព្រះប៉ុណ្ណោះ”។
កាលព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកសាវ័កជាលើកចុងក្រោយ មុនពេលព្រះអង្គយាងឡើងស្ថានសួគ៌វិញ ពួកគេអាចមានតម្រុយខ្លះៗ អំពីការរីកលូតលាស់ដែលពួកជំនុំនឹងមាន នៅក្នុងសតវត្សរ៍ក្រោយ។ ព្រះអង្គបានប្រាប់ពួកគេថា “ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ”(ម៉ាថាយ ២៨:១៩)។ ព្រះបន្ទូលព្រះអង្គត្រង់ចំណុចនេះ ត្រូវបានគេស្គាល់ថា ជាមហាបេសកកម្ម តែបើព្រះអង្គមានបន្ទូលដូចនេះ ជាលើកចុងក្រោយ ទៅកាន់ពួកសាវ័ក នោះពួកគេអាចមានអារម្មណ៍ថា ពួកគេមានបន្ទុកធ្ងន់ណាស់។ តាមពិត ព្រះរាជបញ្ជានេះគឺជាការត្រាស់ហៅអ្នកដើរតាមព្រះអង្គម្នាក់ៗ ឲ្យធ្វើ គឺឲ្យបង្កើតសិស្ស ក្នុងការរស់នៅប្រចាំថ្ងៃ។ យើងមិនចាំបាច់ធ្វើដំណើរទៅដល់ចុងផែនដីក៏បាន ព្រោះយើងអាចនាំព្រះរាជសារនេះ ទៅកន្លែងណា ដែលយើងទៅដល់។
ចូរកុំមានការបាក់ទឹកចិត្ត ដោយសារទុក្ខលំបាក ក្នុងពេលបច្ចុប្បន្ននោះឡើយ។ ព្រះយេស៊ូវក៏បានមានបន្ទូលផងដែរថា “មើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”(ខ.២០)។ ព្រះអង្គយាងទៅជាមួយយើង គ្រប់ទីកន្លែងដែលយើងទៅដល់។—Matt Lucas
តើក្នុងជីវិតអ្នក មាននរណាខ្លះត្រូវការឮដំណឹងល្អ?
តើអ្នកនឹងចែកចាយដំណឹងល្អដល់ពួកគេ នៅថ្ងៃនេះ ដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គប្រទានទូលបង្គំនូវឱកាសចែកចាយរឿងនៃ
សេចក្តីសង្គ្រោះរបស់ព្រះអង្គ ដល់អ្នកមិនទាន់ជឿព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤៦-៤៧ និង ហេព្រើរ ៦