ព្រឹក

ចិត្តដែលព្រះទ្រង់បានកែប្រែ
ដោយTom Felten
December 28, 2025
យេរេមា ៣១:៣១-៣៤
អញនឹងដាក់ក្រិត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ។ យេរេមា ៣១:៣៣
គេបានបង្ហាញរូបអាសអាភាស ឲ្យលោករូសែល(Russell)មើល តាំងពីនៅក្មេងវ័យ គឺមិនខុសពីមនុស្សជាច្រើន ដែលបានតយុទ្ធនឹងរូបអាសអាភាស ក្នុងសម័យបច្ចុប្បន្ន។ រូបអាសអាភាសមានអំណាចលើសលប់មកលើគាត់ ធ្វើឲ្យគាត់ចង់ប្រើប្រាស់វា ហើយវាក៏បានបំពុលចិត្តរបស់គាត់។ គាត់ក៏បានរៀបរាប់ថា “វាបានជ្រួតជ្រាបពេញក្នុងចិត្តខ្ញុំ គឺជ្រួតជ្រាបខ្លាំងណាស់ ប្រៀបដូចជាមេរោគមហារីក ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងចិត្តរបស់ខ្ញុំ”។ ដោយសារព្រះគុណព្រះ ទីបំផុត ព្រះអង្គបានរំដោះគាត់ឲ្យមានសេរីភាពរួចផុតពីអំណាចរបស់រូបអាសអាភាស និងការញៀនផ្សេងទៀត នៅពេលដែលគាត់បានទទួលជឿព្រះយេស៊ូវ ហើយបានផ្លាសប្រែពីក្នុងមកក្រៅ។ លោករូសែលក៏បាននិយាយថា “ខ្ញុំសូមអរព្រះគុណព្រះយេស៊ូវគ្រីស្ទ ដែលបានកែប្រែជីវិតខ្ញុំ ... ព្រះអង្គគឺជាអ្នករំដោះខ្ញុំ”។
ហោរាយេរេមាធ្លាប់បាននាំព្រះរាជសារមកពីព្រះអម្ចាស់ ទៅប្រកាសដល់ប្រជាជនអ៊ីស្រាអែលថា ថ្ងៃមួយ ព្រះអង្គនឹងដាក់ក្រិត្យវិន័យរបស់ព្រះអង្គ “នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ”(៣១:៣៣)។ ក្នុងគ្រាសញ្ញាថ្មី ដែលបានសម្រេចក្នុងព្រះគ្រីស្ទ(ហេព្រើរ ៨:៦-១៣) មនុស្សទាំងអស់អាចផ្លាស់ប្រែ ដោយសារព្រះគុណព្រះ តាមរយៈសេចក្តីជំនឿ។ ហើយសព្វថ្ងៃនេះ ព្រះវិញ្ញាណគង់នៅក្នុងគ្រីស្ទបរិស័ទម្នាក់ៗ(រ៉ូម ៨:១១) ហើយក្រឹត្យវិន័យក្រមសីលធម៌របស់ព្រះ បានកត់នៅលើចិត្តរបស់យើង។ សម្រាប់លោករូសែល និងអស់អ្នកជឿព្រះអង្គ អំណាចនៃព្រះវិញ្ញាណផ្តល់ឲ្យអ្វីៗដែលយើងត្រូវការ ដើម្បីងាកបែរចេញពីទង្វើអាក្រក់ ដែលព្រះទ្រង់មិនសព្វព្រះទ័យ គឺទង្វើដែលបំផ្លាញខ្លួនឯង។
ការផ្លាស់ប្រែមិនតែងតែកើតមានភ្លាមៗ ឬមានភាពងាយស្រួលឡើយ។ ប៉ុន្តែ ចូរយើងចាំថា ព្រះទ្រង់អាចកែប្រែចិត្តគំនិតយើង ពេលណាយើងជម្នះទុក្ខលំបាក សូម្បីតែការញៀននឹងអ្វីមួយ ឬអំពើបាបក៏ដោយ(យេរេមា ៣១:៣៣)។ ព្រះអង្គមានបន្ទូលថា គេនឹងបាន “ស្គាល់”ព្រះអង្គ(ខ.៣៤) ហើយយើងក៏អាចស្គាល់ព្រះចេស្តា ដែលកែប្រែចិត្តរបស់យើងផងដែរ។—Tom Felten
ហេតុអ្វីយើងអាចងាកចេញពីអំពើបាបដ៏រ៉ាំរ៉ៃ ដោយព្រះចេស្តាព្រះ?
តើអ្នកអាចរស់នៅ ដោយចិត្តដែលបានកែប្រែជាថ្មី ដោយជំនួយរបស់ព្រះវិញ្ញាណដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានកែប្រែចិត្តរបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាការី ៥-៨ និង វិវរណៈ ១៩